ការលះបង់ដ៏ពិត
លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនាមជាមន្រ្តីប៉ូលីសម្នាក់ គាត់បានចាត់ទុកការងាររបស់គាត់ ជាការបម្រើសម្រាប់សហគមន៍របស់គាត់ ហើយមានការប្តេជ្ញាចិត្តចំពោះការបម្រើនោះ ទោះជាត្រូវលះបង់យ៉ាងណាក៏ដោយ។ គេអាចដឹងថា គាត់ពិតជាមានបំណងចិត្តដូចនេះមែន ដោយគ្រាន់តែមើលទៅទូដាក់ឥវ៉ាន់ផ្ទាល់ខ្លួនរបស់គាត់ នៅប៉ុស្ត៍ប៉ូលីស ដែលនៅលើនោះគាត់បានបិទខគម្ពីរ យ៉ូហាន ១៥:១៣។
ក្នុងបទគម្ពីរនេះ ព្រះអម្ចាស់នៃយើង មានបន្ទូលថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលទ្រង់ត្រង់ចំណុចនេះ មិនគ្រាន់តែជាគោលការណ៍ដ៏ប្រសើរប៉ុណ្ណោះឡើយ។ បទគម្ពីរនេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ដែលលោកអេរិកមានចំពោះភារកិច្ចរបស់គាត់ ក្នុងនាមជាមន្ត្រីប៉ូលីស ដែលនាំឲ្យគាត់មានការលះបង់ដ៏ធំផុត គឺនៅពេលដែលគាត់បានពលីជីវិត ក្នុងការបំពេញភារៈកិច្ចការពារសន្តិសុខសង្គម។
នេះជាការបង្ហាញចេញនូវចិត្តដែលមានការលះបង់ដ៏ពិត។ បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលដ៏មានអំណាច ក្នុងបទគម្ពីរ យ៉ូហាន ១៥:១៣ ជាច្រើនម៉ោងក្រោយមក ទ្រង់ក៏បានលះបង់ព្រះជន្ម ដូចដែលទ្រង់បានមានបន្ទូលនោះមែន។ កាលនោះ ទ្រង់បានមានបន្ទូលអំពីការលះបង់នេះ មកកាន់ពួកសិស្សទ្រង់ ក្នុងបន្ទប់ខាងលើ បន្ទាប់មក ទ្រង់ក៏បានប្រកបជាមួយព្រះវរបិតា នៅសួនច្បារកេតសេម៉ានី គឺនៅមុនពេលគេយកទ្រង់ទៅកាត់ទោសដោយអយុត្តិធម៌ ហើយទ្រង់ក៏ត្រូវគេយកទៅឆ្កាង នៅចំពោះមុខបណ្តាជន ដែលកំពុងចម្អកឲ្យទ្រង់។
ក្នុងនាមជាព្រះរាជបុត្រានៃព្រះ ព្រះយេស៊ូវអាចគេចចេញពីការរងទុក្ខ ការធ្វើទារុណកម្ម និងភាពសាហាវព្រៃផ្សៃនោះ។ ទ្រង់គ្មានបាបសូម្បីតែបន្តិច ហើយមិនសមនឹងសុគតទេ តែដោយសារសេចក្តីស្រឡាញ់ ដែលជាកក្តាជម្រុញឲ្យទ្រង់ធ្វើការលះបង់ដ៏ពិត ទ្រង់ក៏ព្រមឲ្យគេយកទ្រង់ទៅឆ្កាងសម្លាប់។ ដោយសារការសុគតរបស់ទ្រង់…
បដិសណ្ឋារកិច្ចដ៏ពិត
ក្នុងឆ្នាំ ១៩៨៧ ក្រុមគ្រួសាររបស់ខ្ញុំបានផ្លាស់ទៅរស់នៅ ក្នុងរដ្ឋកាលីហ្វូញ៉ា ដើម្បីដឹកនាំពួកជំនុំមួយកន្លែង ក្នុងតំបន់ឡងប៊ិច(Long Beach)។ ថ្ងៃដែលយើងធ្វើដំណើរតាមយន្តហោះ មកដល់ក្រុងនោះ លេខារបស់ខ្ញុំបានមកទទួលយើង នៅអាកាសយាន្តដ្ឋាន ហើយជួនយើងទៅដល់ផ្ទះរបស់យើង។ ពេលដែលយើងធ្វើដំណើរចូលទៅក្នុងផ្លូវដ៏មមាញឹក អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ដំបូងគេ គឺស្ទីកគ័រ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលមានសរសេរថា “រដ្ឋកាលីហ្វូញ៉ា សូមស្វាគមន៍ … ឥឡូវនេះ ចូរទៅផ្ទះ!” នេះមិនមែនជាការស្វាគមន៍ដ៏កក់ក្តៅ និងរួសរាយ ដែលខ្ញុំបានទទួលបានពីរដ្ឋកាលីហ្វូញ៉ា ដែលមានពន្លឺថ្ងៃដ៏ស្រស់ត្រកាលឡើយ!
ការនេះបានធ្វើឲ្យខ្ញុំឆ្ងល់ថា ក្នុងការរស់នៅរបស់យើង ប្រហែលជាមានពេលខ្លះ យើងក៏ធ្វើការស្វាគមន៍របៀបនេះ ចំពោះមនុស្ស ដែលនៅជំវិញខ្លួនយើងផងដែរ។ តើមានពេលខ្លះ យើងខកខានមិនបានធ្វើឲ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ នៅក្នុងពិភពរបស់យើង មិនថា តែនៅពេលដែលយើងនៅព្រះវិហារ នៅក្បែរផ្ទះយើង ឬនៅកន្លែងជួបជុំក្នុងសង្គមឬ?
ក្នុងបទគម្ពីរ រ៉ូម ១២:១៣ សាវ័កប៉ុលបានបង្រៀនអ្នកអានបទគម្ពីរនេះ ឲ្យ “មានសេចក្តីចៅរ៉ៅ”។ កណ្ឌគម្ពីរហេព្រើក៏បានបង្រៀនផងដែរថា “កុំឲ្យភ្លេចសេចក្តីចៅរ៉ៅឡើយ ដ្បិតមនុស្សខ្លះបានទទួលទាំងទេវតា ឲ្យសំណាក់នៅឥតដឹងផង ដោយមានសេចក្តីនោះឯង”(១៣:២)។ កាលណាយើងបង្ហាញនូវភាពសប្បុរសប្រកបដោយព្រះគុណ ដល់អ្នកដែលយើងជួប នោះយើងក៏កំពុងតែបង្ហាញពួកគេ នូវការអញ្ជើញរបស់ព្រះសង្រ្គោះ ឲ្យទទួលសេចក្តីសង្រ្គោះ គឺដូចដែលទ្រង់បានប្រកាស់ថា “អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ…
បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា
មានពេលមួយ ខ្ញុំបានជួបស្ត្រីដ៏រួសរាយម្នាក់ ឈ្មោះ “មុមម៉ា ឆាលី(Momma Charlie)” ដែលបានចិញ្ចឹមក្មេងៗជាង១០នាក់។ ក្មេងៗទាំងអស់នេះ សុទ្ធតែត្រូវបានទទួលការសម្រេចរបស់តុលាការ ឲ្យមករស់នៅមួយគាត់ ហើយគាត់ក៏បានឲ្យពួកគេមានផ្ទះស្នាក់នៅ ដោយមានភាពលំនឹង ការណែនាំ និងសេចក្តីស្រឡាញ់។ គាត់បានប្រាប់ខ្ញុំថា ជារៀងរាល់ពេលដែលមានក្មេងថ្មីចូលមករស់នៅ កិច្ចការសំខាន់ទីមួយរបស់គាត់ គឺត្រូវពន្យល់ក្មេងនោះ អំពី “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដែលរួមមាន ខ្នាតគំរូនៃអាកប្បកិរិយ៉ា ព្រមទាំងការជួយកិច្ចការក្នុងផ្ទះដ៏មមាញឹក ទន្ទឹមនឹងពេលដែលគាត់បណ្តុះបណ្តាលក្មេងៗទាំងនោះ អំពីការទទួលខុសត្រូវ។
ក្មេងខ្លះពិបាកនឹងទទួលយក “បទបញ្ជាផ្ទៃក្នុងរបស់អ្នកស្រីមុមម៉ា” ដោយគិតថា បទបញ្ជាទាំងនោះបានរារាំងពួកគេ មិនឲ្យមានការកម្សាន្ត និងការសប្បាយ ប៉ុន្តែ នេះមិនមែនជាការពិតទេ។ ខ្នាតគំរូនេះបាននាំឲ្យផ្ទះសម្បែងរបស់ពួកគេមានសណ្តាប់ធ្នាប់ ហើយធ្វើឲ្យអ្នកស្រីមុមម៉ា និងក្មេងៗអាចរកបាននូវការរស់នៅដ៏សប្បាយរីករាយ និងសុខសាន្ត។
យ៉ាងណាមិញ អ្នកខ្លះបានយល់ថា ខ្នាតគំរូដែលព្រះបានដាក់ នៅក្នុងព្រះគម្ពីរ គឺជាឧបស័គ្គដែលរារាំងយើង មិនឲ្យអរសប្បាយនឹងជីវិត។ ទោះជាយ៉ាងណាក៏ដោយ តាមពិត ព្រំដែនកំណត់ដែលព្រះបានដាក់ គឺដើម្បីការពារយើង មិនឲ្យប្រព្រឹត្តអំពើបាប ហើយជួយឲ្យយើងមានការឆ្លើយតបយ៉ាងត្រឹមត្រូវ ចំពោះទ្រង់។
ឧទាហរណ៍ នៅក្នុងបទគម្ពីរ អេភេសូរ ជំពូក៤ សាវ័កប៉ុលបានផ្តល់ឲ្យនូវការណែនាំខ្លះ អំពីរបៀបដែលយើងត្រូវរស់នៅ។ ពេលដែលយើងរស់នៅ តាមការបង្រៀនប្រកបដោយសេចក្តីស្រឡាញ់របស់ព្រះ យើងនឹងទទួលបាននូវការការពារ និងមានឱកាសទទួលបាននូវអំណរដ៏ពិត…
ពេលដ៏តក់ស្លត់
ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេលជាង៣០ម៉ោង នៅពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជាហេតុបណ្តាលឲ្យទាំងកូនទាំងម្តាយ មានភាពតប់ប្រមល់ហួសប្រមាណ។ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរគ្រែដ៏តូចរបស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។
ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។
ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ
កាលពីពេលថ្មីៗនេះ ពេលដែលវេជ្ជបណ្ឌិតពិនិត្យភ្នែករបស់ខ្ញុំ គាត់បានយកឧបករណ៍ម្យ៉ាងចេញមក ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ខ្ញុំក៏សួរគាត់ថា ឧបករណ៍នោះជាឧបករណ៍អ្វីដែរ គាត់ក៏ឆ្លើយថា “ខ្ញុំនឹងប្រើឧបករណ៍នេះ ដើម្បីថតរូបភាព ដែលនៅផ្នែកខាងក្រោយនៃគ្រាប់ភ្នែករបស់អ្នក”។ ពេលនោះ ខ្ញុំមានការស្ងើចសរសើរចំពោះអ្នកដែលបានឆ្នៃបង្កើតឧបករណ៍ ដែលអាចថតរូបយ៉ាងដូចនេះបាន។ ប៉ុន្តែ ខ្ញុំកាន់តែកោតសរសើរការដែលវេជ្ជបណ្ឌិតរូបនេះ អាចយករូបភាពដែលថតបាននោះ មកមើលយល់។ គាត់មានប្រសាសន៍ថា “យើងអាចប្រមូលពត៌មានលម្អិតជាច្រើន អំពីសុខភាពជាទូទៅរបស់អ្នក ដោយគ្រាន់តែមើលរូបខាងក្រោយគ្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះ”។
ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ វាពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលគេអាចពិនិត្យមើលសុខភាពរបស់មនុស្សម្នាក់ទាំងស្រុង ដោយគ្រាន់តែពិនិត្យមើលសុខភាពរបស់ភ្នែក។ ដូចនេះ ព្រះអម្ចាស់ពិតជាបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង នៅក្នុងការដាក់ភាពលម្អិតដូចនេះ នៅក្នុងរូបកាយដែលទ្រង់បានបង្កើត! ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបន្ទូលរបស់ស្តេចដាវីឌ ដែលជាអ្នកនិពន្ធទំនុកដំកើង ដែលបានបកស្រាយអំពីភាពប៉ិនប្រសប់របស់ព្រះយ៉ាងដូចនេះថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។
ភាពសាំញុំាដ៏អស្ចារ្យនៃរូបកាយរបស់យើង បានឆ្លុះបញ្ចាំងអំពីភាពវ័យឆ្លាត និងប្រាជ្ញារបស់ព្រះអាទិករដ៏អស្ចារ្យនៃយើង។ ភាពអស្ចារ្យនៃការរចនារបស់ទ្រង់ គឺមិនគ្រាន់តែបានធ្វើឲ្យយើងស្ងើចសរសើរប៉ុណ្ណោះទេ តែថែមទាំងនាំឲ្យយើងថ្វាយបង្គំទ្រង់ ដោយហេតុផលច្រើនរាប់មិនអស់។–Bill Crowder
គ្រោះថ្នាក់ដែលមើលមិនឃើញ
កាលខ្ញុំនៅជាក្មេងតូច គ្រួសាររបស់ខ្ញុំស្ទើរតែជួបសោកនាដកម្មមួយ។ ភាគច្រើននៃឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងផ្ទះ ក៏ដូចជាឡកម្តៅ សុទ្ធតែប្រើឧស្ម័នធម្មជាតិ ប៉ុន្តែ មានកន្លែងលិចដ៏តូចមួយ នៅក្នុងទុយោហ្កាសមួយខ្សែ ដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ពេលដែលហ្កាសសាយភាយក្នុងផ្ទះដ៏តូចរបស់យើង ចំហាយឧស្ម័នដែលអាចគ្រោះថ្នាក់ដល់ជីវិតនេះ បានធ្វើឲ្យក្រុមគ្រូសាររបស់យើងសន្លប់បាត់ស្មារតី។ កាលនោះ បើសិនជាអ្នកជិតខាងរបស់យើង មិនបានចូលលេងផ្ទះយើងទេ នោះក្រុមគ្រួសាររបស់យើងទាំងមូល មុខជាអាចត្រូវស្លាប់ដោយសារឧស្ម័នពល់ ដែលជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់ ដែលយើងមើលមិនឃើញនោះ។
យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកដើរតាមព្រះគ្រីស្ទ យើងក៏អាចដឹងថា យើងម្នាក់ៗក៏សុទ្ធតែកំពុងហ៊ំព័ទដោយគ្រោះថា្នក់ជាច្រើន ដែលយើងមើលមិនឃើញ។ ភាពពិតដ៏ពិសពុលនៃការល្បួង និងភាពកម្សោយនៃសារជាតិរបស់យើង ដែលជាមនុស្ស អាចធ្វើឲ្យជីវិតយើង និងទំនាក់ទំនងយើងមានគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ ហ្កាស់ធម្មជាតិចេញមកពីប្រភពដែលនៅខាងក្រៅខ្លួនយើង តែគ្រោះថ្នាក់ខាងវិញ្ញាណដែលយើងមើលមិនឃើញនោះ មិនដូច្នោះទេ គឺវាបានសង្ងំនៅក្នុងវិញ្ញាណយើងម្នាក់ៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “ដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួន នាំប្រទាញ ហើយលួងលោមទេ”(យ៉ាកុប ១:១៤)។
តាមធម្មតា យើងមានទំនោទៅរកអំពើបាប ដែលរួមផ្សំជាមួយនឹងភាពងងឹតងងល់ ដែលរារាំងមិនឲ្យយើងមើលឃើញភាពកម្សោយរបស់យើង ហើយការនេះអាចនាំឲ្យយើងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ដែលអាចបំផ្លាញខ្លួនឯង។ មានតែការចុះចូល និងទុកចិត្តលើព្រះដ៏ជាម្ចាស់ប៉ុណ្ណោះ ដែលយើងអាចធ្វើឲ្យទ្រង់សព្វព្រះទ័យបាន ដ្បិតទ្រង់បង្ហាញឲ្យយើងស្គាល់ចិត្តខ្លួនឯង តាមរយៈព្រះបន្ទូលទ្រង់ (ខ.២៣-២៥)។–Bill Crowder
ក្តីសង្ឃឹមគឺសម្រាប់
ទោះ បីជាខ្ញុំព្យាយាមទប់ខ្លួន មិនឲ្យភ្ញាក់ផ្អើលចំពោះការអ្វីដែលកើតមានឡើង នៅពេលបច្ចុប្បន្នក៏ដោយ ក៏មានពេលមួយ ខ្ញុំមានការហួសចិត្តយ៉ាងខ្លាំង ពេលដែលបានឃើញពាក្យដែលគេបោះពុម្ភនៅលើអាវយឺតរបស់ស្រ្តីមា្នក់ ដែលដើរកាត់មុខខ្ញុំនៅផ្សារទំនើបមួយ។ អាវយឺតរបស់នាង មានពាក្យសរសេរធំៗពីលើថា “សេចក្តីសង្ឃឹម គឺសម្រាប់មនុស្សភ្លើប៉ុណ្ណោះ”។ ជាការពិតណាស់ ការដែលយើងឆាប់ទុកចិត្តគេពេក អាចជាការល្ងង់ខ្លៅ និងងាយនាំឲ្យមានគ្រោះថ្នាក់។ ការខកចិត្ត និងការឈឺចិត្ត អាចកើតចេញពីការមានគំនិតវិជ្ជមានពេក ដោយមិនសមហេតុផល។ ប៉ុន្តែ ការដែលយើងមិនព្រមឲ្យខ្លួនយើងមានក្តីសង្ឃឹម នឹងនាំឲ្យយើងមានទុក្ខព្រួយ ហើយមានការយល់ខុសអំពីជីវិត។
ប៉ុន្តែ សេចក្តីសង្ឃឹមក្នុងព្រះអម្ចាស់ មានលក្ខណៈពិសេស ព្រោះជាការទុកចិត្តលើព្រះ និងទុកចិត្តលើកិច្ចការដែលទ្រង់កំពុងធ្វើ ក្នុងលោកិយនេះ និងក្នុងជីវិតយើង។ នោះហើយជាអ្វីដែលមនុស្សគ្រប់គ្នា ពិតជាត្រូវការនោះ។ អ្នកនិពន្ធកណ្ឌគម្ពីហេព្រើរបានសរសេរយ៉ាងច្បាស់ អំពីសារសំខាន់នៃសេចក្តីសង្ឃឹម យ៉ាងដូចនេះថា “ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់”(ហេព្រើរ ១០:២៣)។
ការមានសេចក្តីសង្ឃឹមលើព្រះ មិនមែនជារឿងល្ងង់ខ្លៅនោះទេ ពីព្រោះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។ យើងរាល់គ្នាកាន់ខ្ជាប់តាមសេចក្តីសង្ឃឹម ដែលយើងបានទទួលក្នុងអង្គព្រះគ្រីស្ទ ព្រោះព្រះទ្រង់ស្មោះត្រង់។ យើងអាចទុកចិត្តលើព្រះអង្គ ក្នុងគ្រប់រឿងរ៉ាវទាំងអស់ មិនថាយើងប្រឈមមុននឹងបញ្ហាអ្វីក៏ដោយ ទាំងក្នុងពេលបច្ចុប្បន្ន និងជារៀងរហូតតទៅ។ សេចក្តីសង្ឃឹមរបស់យើង មានមូលដ្ឋានគ្រឹះនៅក្នុងលក្ខណៈសម្បត្តិនៃភាពស្មោះត្រង់របស់ព្រះ ដែលបានស្រឡាញ់យើងដោយក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច។ ដូច្នេះ ពាក្យដែលគេបានសរសេរលើអាវយឺតនោះ គឺខុសទាំងស្រុង។ សេចក្តីសង្ឃឹមមិនមែនសម្រាប់តែមនុស្សភ្លើឡើយ តែសម្រាប់យើងរាល់គ្នា។–Bill…
ឆ្អឹងដែលបាក់
ជា ច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចូលរួមប្រកួតបាល់ទាត់មហាវិទ្យាល័យ ដោយធ្វើអ្នកចាំទី។ ការនេះបានធ្វើឲ្យខ្ញុំសប្បាយរីករាយ លើសពីការពិពណ៌នា តែខ្ញុំត្រូវមានការលះបង់យ៉ាងខ្លាំង ហើយសព្វថ្ងៃខ្ញុំក៏បន្តមានការលះបង់ដូចនេះផងដែរ។ ក្នុងនាមជាអ្នកចាំទី ខ្ញុំត្រូវលោតចាប់បាល់ ផ្តួលខ្លួនទៅលើដី ដើម្បីការពារបាល់កុំឲ្យចូលទី ដែលជាញឹកញាប់ វាអាចនាំឲ្យមានរបួស។ នៅក្នុងរដូវកាលនៃការប្រកួតមួយនោះ ខ្ញុំបានបាក់ជើង ប្រេះឆ្អឹងជំនីខ្លះ ថ្លោះស្មា ហើយសន្លប់អស់ម្តង ដោយសារប៉ះត្រូវក្បាល។ បច្ចុប្បន្ននេះ ពេលណាអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំឈឺនៅត្រង់កន្លែងដែលធ្លាប់បាក់ឆ្អឹងនោះ ដែលធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលមានរបួសដ៏ឈឺចាប់នោះ។
ស្តេចដាវីឌក៏មានការនឹកចាំ អំពីការឈឺចាប់នៃការបាក់ឆ្អឹងផងដែរ តែរបួសនោះ ជារបួសខាងវិញ្ញាណ មិនមែនរបួសខាងសាច់ឈាមទេ។ បន្ទាប់ពីស្តេចដាវីឌបានប្រព្រឹត្តខុសសីលធម៌ ដោយមានការផឹតក្បត់ ជាមួយនាងបាតសេបា រហូតឈានដល់ការសម្លាប់អ៊ូរី ជាប្តីរបស់នាងទៀត ព្រះអម្ចាស់ក៏បានដាក់ទោសទ្រង់យ៉ាងធ្ងន់ធ្ងរ។ តែស្តេចដាវីឌក៏បានងាកបែរមករកទ្រង់វិញ ដោយប្រែចិត្ត ហើយអធិស្ឋានថា “សូមឲ្យទូលបង្គំបានឮសេចក្តីអំណរ និងសេចក្តីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ”(ទំនុកដំកើង ៥១:៨)។
ការវាយផ្ចាលរបស់ព្រះ មានសភាពធ្ងន់ធ្ងរណាស់ បានជាស្តេចដាវីឌ មានអារម្មណ៍ថា ឆ្អឹងរបស់ទ្រង់ហាក់ដូចជាបានបាក់អញ្ចឹង។ ប៉ុន្តែ ទ្រង់បានជឿថា ព្រះដែលពេញដោយព្រះគុណ អាចព្យាបាលឆ្អឹងដែលបាក់នោះ ព្រមទាំងប្រទានឲ្យទ្រង់មានអំណរឡើងវិញ។ កាលណាយើងភ្លាត់ដួល ហើយប្រព្រឹត្តអំពើបាប នោះចូរនឹកចាំថា ព្រះស្រឡាញ់យើងខ្លាំងណាស់ គឺល្មមនឹងឲ្យទ្រង់់តាមយកយើងមកវិញ ហើយស្អាងយើងឡើងវិញ…
អំណោយដ៏ច្រើនលើសលប់
កាលខ្ញុំនៅធ្វើជាគ្រូគង្វាល នៃពួកជំនុំតូចមួយនៅឡើយ យើងបានជួបវិបត្តិដ៏ធំមួយ។ បើយើងមិនអាចបង្ហើយ ការជួសជុសអគារព្រះវិហាររបស់យើង ឲ្យត្រូវតាមស្តង់ដាសុវត្ថិភាពនៃសំណង់ទេ នោះយើងនឹងត្រូវបាត់បង់កន្លែងថ្វាយបង្គំនោះជាមិនខាន។ យើងក៏បានរៃអង្គាសប្រាក់ដង្វាយយ៉ាងកក់ក្រហល់ សម្រាប់បង់ថ្លៃជួសជុលនោះ ប៉ុន្តែ ក្នុងចំណោមប្រាក់ដង្វាយ ដែលយើងទទួលបាន មានអំណោយមួយ ដែលបានធ្វើឲ្យអ្នកដឹកនាំពួកជំនុំយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
មានស្រ្តី ដែលជាចាស់ទុំម្នាក់ នៅក្នុងពួកជំនុំបានដាក់ដង្វាយរាប់រយដុល្លារ សម្រាប់ការជួសជុលនេះ ដោយមិនសំចៃទុកសោះ។ យើងក៏បានថ្លែងអំណរគុណ ដល់គាត់ដែលបានថ្វាយដង្វាយទាំងនោះ តែយើងប្រគល់ដង្វាយនោះទៅគាត់វិញ ព្រោះយើងបានដឹងថា តម្រូវការរបស់គាត់ធំជាងតម្រូវការរបស់ពួកជំនុំ។ ទោះជាយ៉ាងក៏ដោយ គាត់បានបដិសេធមិនព្រមទទួលប្រាក់នោះវិញឡើយ។ គាត់បានសន្សំប្រាក់នោះជាច្រើនឆ្នាំ ដើម្បីទិញចង្រ្កានមួយ ។ តែគាត់នៅតែទទូចថា គាត់ត្រូវការកន្លែងថ្វាយបង្គំជាមួយពួកជំនុំដែលជាគ្រួសារគាត់ ខ្លាំងជាងត្រូវការចង្រ្កានមួយនោះ។ យើងរំភើបចិត្តជាខ្លាំង ចំពោះដង្វាយដ៏ច្រើនលើសលប់របស់គាត់។
នៅពេលព្រះអម្ចាស់ ទតមើលឃើញស្រ្តីមេម៉ាយម្នាក់ ថ្វាយដង្វាយតែពីរស្លឹង សម្រាប់ព្រះវិហារ ទ្រង់បានលើកសរសើរ អំពីការលះបង់ដ៏ច្រើនលើសលប់របស់នាង(លូកា ២១:៣-៤)។ តើហេតុអ្វី? ទ្រង់សរសើរនាង មិនមែនដោយសារបរិម៉ាណនៃដង្វាយរបស់នាងឡើយ តែគឺដោយសារនាងបានលះបង់អ្វីទាំងអស់ ដែលនាងមាន។ ហើយដង្វាយនេះមិនត្រឹមតែលើកព្រះកិត្តិនាមព្រះប៉ុណ្ណោះទេ តែថែមទាំងបានរំឭកយើង អំពីអំណោយដ៏ថ្លៃវិសេស គឺព្រះគ្រីស្ទ។–Bill Crowder
ការនិយាយត្រង់ ដែលមានប្រយោជន៍
ម្តាយរបស់ខ្ញុំ មានចំណុចជាច្រើន ដែលខ្ញុំចូលចិត្ត ហើយអ្វីដែលខ្ញុំចូលចិត្តជាងគេនោះ គឺការនិយាយត្រង់របស់គាត់។ មានពេលជាញយដង ខ្ញុំចង់សុំយោបល់របស់គាត់ ដើម្បីដោះស្រាយបញ្ហាណាមួយ គាត់ច្រើនតែឆ្លើយដោយត្រង់ថា “បើមិនស្តាប់សម្តីម៉ាក់ទេ កុំសុំយោបល់ម៉ាក់អី ម៉ាក់នឹងមិនខំនិយាយអ្វីដែលកូនចង់ស្តាប់នេះទេ។ ម៉ាក់នឹងនិយាយតែអ្វីដែលចេញពីចិត្តម៉ាក់ប៉ុណ្ណោះ”។
នៅក្នុងពិភពលោក ដែលមនុស្សត្រូវប្រយ័ត្នប្រយែងពាក្យសម្តីរបស់ខ្លួន ការនិយាយត្រង់របស់ម្តាយខ្ញុំ គឺពិតជាលើកទឹកចិត្តខ្ញុំណាស់។ នេះក៏ជាលក្ខណៈសម្បត្តិ ដែលមិត្តភ័ក្រដ៏ពិតមានផងដែរ។ មិត្តភ័ក្រដ៏ពិតនិយាយការពិតមកកាន់យើង ដោយក្តីស្រឡាញ់ ទោះបីជាយើងមិនចង់ស្តាប់ក៏ដោយ គឺដូចដែលបទគម្ពីរសុភាសិតចែងថា “របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ”(សុភាសិត ២៧:៦)។
នេះក៏ស្ថិតនៅក្នុងចំណោមមូលហេតុ ដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវជាមិត្តដ៏ល្អប្រសើរបំផុត។ ពេលដែលទ្រង់ជួបស្ត្រីម្នាក់នៅក្បែរអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិនបានមានបន្ទូលមកកាន់នាង អំពើតម្រូវការខាងសាច់ឈាម ដែលជារឿងបន្ទាប់បន្សំឡើយ ផ្ទុយទៅវិញ ព្រះអង្គបានមានបន្ទូលស៊ីជម្រៅបំផុត អំពីតម្រូវការខាងវិញ្ញាណរបស់នាងវិញ។ ទ្រង់បង្ហាញឲ្យនាងយល់អំពីលក្ខណៈសម្បត្តិរបស់ព្រះវរបិតា ហើយមានបន្ទូលដោយក្តីស្រឡាញ់ អំពីក្តីស្រមៃរបស់នាង ដែលមិនអាចក្លាយជាការពិត និងអំពីការខកចិត្តដ៏ធ្ងន់បំផុតរបស់នាង។
ពេលដែលយើងដើរជាមួយព្រះអម្ចាស់ សូមយើងអនុញ្ញាតិឲ្យទ្រង់មានព្រះបន្ទូល ឲ្យយើងដឹងច្បាស់ អំពីស្ថានភាពជាក់ស្តែងនៃដួងចិត្តយើង តាមរយៈបទគម្ពីរ ដើម្បីឲ្យយើងងាកមករកព្រះអង្គ និងទទួលព្រះគុណព្រះអង្គ ជាជំនួយ នៅពេលណាយើងត្រូវការ ។–Bill Crowder